កម្ពុជា​ពិត​ជា​ដែន​ដី​សុវណ្ណភូមិ​ពិតៗ ដែល​សម្បូរ​ទៅ​ដោយ​បេតិកភណ្ឌ​ជាតិ​ និង​ទី​កម្សាន្ត​បែប​ធម្មជាតិ​ច្រើន​រាប់​មិន​អស់​ពាសពេញ​ផ្ទៃ​ប្រទេស។ ក្នុង​ទំព័រ​នេះ Sabayសូម​នាំ​អារម្មណ៍​របស់​មិត្ត​អ្នក​អាន​ទៅ​លេង​កម្សាន្ត​តំបន់​ទេសចរណ៍​ ធម្មជាតិ​ដែល​ប្រមូល​ផ្ដុំ​គ្រប់​ផ្ទាំង​ទស្សនីយភាព គឺ​ភ្នំហាន់ជ័យ ឬ​​អ្នក​រស់​នៅ​ក្នុង​តំបន់​តែង​និយម​ហៅ​ថាជ័យគិរី។
ទីកម្សាន្ត​ដែល​លាក់​ខ្លួន​ពួន​អាត្មា​ឆ្ងាយ​ពី​បណ្ដា​ភ្នែក​អ្នក​ ទេសចរណ៍​ផង​ទាំង​ពួង​នេះ ស្ថិត​នៅ​ឃុំហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​​ធ្វើ​ដំណើរ​ប្រមាណ​ជា​២០គីឡូម៉ែត្រ​ពី​ទី​រួម​ក្រុង​កំពង់​ចាម​ឆ្ពោះ​ ទៅ​កាន់​ភាគ​ខាង​ជើង​តាម​បណ្ដោយ​ផ្លូវ​ប្រប​ដង​ទន្លេមេគង្គ។
នៅ​លើ​កំពូល​ភ្នំ​ដ៏​ខៀវស្រងាត់ ខ្យល់​ត្រជាក់​បក់​ផាត់​សព្វ​រាងកាយ ស្ដាប់​សូរ​ចាប​យំ គ្រប់​ភ្ញៀវ​ទេសចរណ៍​ជាតិ-អន្តរជាតិ​ទាំង​អស់​អាច​គយគន់​ទីតាំង​ភូមិសាស្ត្រ ​ទឹកដី​ខេត្ត​កំពង់ចាម​ភាគខាង​ជើង ដែល​គ្រប់​ដណ្ដប់​ដោយ​ព្រៃប្រឹក្សា កោះ​តូចធំ អម​សងខាង​ដោយ​ទឹក​ទន្លេ​ហូរ​មិន​ចេះ​ហត់​កប់​ជើង​មេឃ។
មិន​ទាន់​អស់​នៅ​ឡើយ​ទេ សម្រាប់​អ្នក​ដែល​ចូលចិត្ត​គយគន់​ប្រាសាទ​បូរាណ ក៏​អាច​ឆ្លៀត​ទៅ​ទស្សនា​បាន​។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​កម្រ​ជួប​ប្រទះ​នៅ​ទីនោះ​គឺ ការ​កសាង​សំណាក​រូប​ផ្លែឈើ ដូចជា​ផ្លែក​ស្វាយ ផ្លែចេក ផ្លែស្រកានាគ ផ្លែធូរេន មើមខ្ទឹម នំគម នំអន្សម នំគម នំបត់ និង​រូប​សំណាក​​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែល​មាន​ទំហំ​ធំ និង​កំពស់​ខ្ពស់​ប្លែក​មិន​ធ្លាប់​មាន។
ពេល​ខ្លះ​គ្រាន់​តែ​ស្ដាប់ គ្រាន់​តែ​អាន ឬ​គ្រាន់​តែ​លឺ​ ពិត​ជា​មិន​ដូច​បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក​ទេ ដូច្នេះ​Sabay យល់​ថា​​ក្នុង​នាម​ជា​កុលបុត្រកុលធីតា​ខ្មែរ គួរ​តែ​ស្វែង​យល់ តោង​ដឹង​ តោង​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ប្រសិន​បើ​ពេល​វេលា​អំណោយផល ដើម្បី​កុំឲ្យ​ចាញ់​បរទេស​ដែល​មាន​មក​លេង​ស្រុក​ខ្មែរ។
តើ​នរណា​ខ្លះ​ស្គាល់ និង​ធ្លាប់​បាន​ទៅ​លេង​កម្សាន្ត​នៅ​ភ្នំហាន់ជ័យ​នេះ? ធៀប​តំបន់​នេះ​ទៅ​កន្លែង​ផ្សេង​យ៉ាង​ម៉េច​ដែរ? នរណា​ខ្លះ​មិន​ធ្លាប់​ទៅ? នរណា​ខ្លះ​មាន​គម្រោង?
អត្ថបទ&រូបថត៖ សេង ណារិទ្ធ